សំណាងណាស់! អ្នកនេសាទម្នាក់ ប្រទះឃើញកម្អួតត្រីបាឡែន ដែលអាចលក់បានតម្លៃរហូតដល់ទៅ….

ថៃ៖ អាចចាត់ទុកបានថា ជារឿងដ៏សំណាងបំផុតមួយ ចំពោះបុរសម្នាក់ជាអ្នកនេសាទជនជាតិថៃ ក្រោយពីបានប្រទះឃើញកម្អួតត្រីបាឡែន និងត្រូវបានគេប៉ាន់ស្មានថា អាចលក់បានក្នុងតម្លៃរហូតដល់ទៅជាង៣លានដុល្លារអាមេរិកឯណោះ។តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសនេសាទខាងលើនេះ មានឈ្មោះថា Naris Suwannasang អាយុ៦០ឆ្នាំ និងសព្វថ្ងៃនេះ គាត់អាចរកប្រាក់ចំណូលក្នុងមួយខែបានចំនួនប្រមាណ៦៧០ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ហើយថ្មីៗនេះ លោកបានប្រទះឃើញ ដុំថ្មពណ៌ស្លេកស្លាំងប៉ុន្មានដុំបោកបក់មកលើឆ្នេរ នៅពេលដែលគាត់កំពុងដើរក្បែរឆ្នេរសមុទ្រ ក្នុងខេត្ត Nakhon Si Thammara ភាគខាងត្បូងនៃប្រទេសថៃ។បន្ទាប់ពីបានឃើញដុំថ្មចម្លែករួចមក គាត់ក៏បានទូរសព្ទទៅកាន់បងប្អូនជីដូនមួយរបស់គាត់ ដើម្បីឲ្យជួយយកវាទៅផ្ទះតែម្ដង។ ហើយនៅពេលពិនិត្យមើល និងយកភ្លើងដុតវា ក៏ស្រាប់តែបញ្ចេញនូវក្លិន និងរលាយ ទើបគាត់ដឹងថា វាគឺជាកម្អួតត្រីបាឡែន ដែលមានតម្លៃថ្លៃ ហើយត្រូវបានគេយកវាទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប និងគ្រឿងសម្អាងជាដើម។យ៉ាងណាមិញ កម្អួតត្រីបាឡែនដែលមានទម្ងន់សរុបប្រមាណ១០០គីឡូក្រាមខាងលើនេះ ត្រូវបានលោក Suwannasang អះអាងថា មានពាណិជ្ជករម្នាក់ ហ៊ានផ្ដល់ប្រាក់ចំនួន៩៦០,០០០បាត (ប្រមាណ៣១,៧០០ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ប្រសិនបើកម្អួតត្រីបាឡែននេះ បង្ហាញថាមានគុណភាពខ្ពស់គ្រប់គ្រាន់។ ហើយគាត់ក៏គ្រោងនឹងទៅប៉ុស្តិ៍ប៉ូលិសផងដែរ ដើម្បីកត់ត្រាពីការរកឃើញរបស់គាត់ ចៀសវៀងមានមនុស្សលួចយកបាត់៕

Leave a Reply

Your email address will not be published. Required fields are marked *